លោក អ៊ូច ឡេង៖ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើមាន​ការ​កើន​ឡើង​​ ១០ ដង ស្រប​ពេល​ដែល​យើង​កំពុង​មាន​វិបត្តិ​នយោបាយ

វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ទើរ​តែ​ហិនហោច​ទៅ​ហើយ​នេះ​ត្រូវ​បាន​ម្ចាស់​ពានរង្វាន់​រូប​នេះ​ចាត់ទុក​ជា​ឧស្សាហកម្ម​ផ្នែក​ជំនួញ​ព្រៃឈើ​ឆ្លងដែន​រវាង​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​។ លោក​មិន​ត្រឹម​តែ​សំដៅ​ទៅ​លើ​ការនាំ​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម ប៉ុណ្ណោះ​ទេ លោក​ អ៊ូច ឡេង ក៏​បាន​សំដៅ​ទៅ​ដល់​អាមេរិក ជប៉ុន និង​ចិន ផង​ដែរ​ ដែល​វៀតណាម​ក៏​បាន​នាំ​ឈើ​ទៅ​កាន់​ប្រទេស​ទាំង​នោះ​។ ឈើ​ដែល​ត្រូវ​បាន​ដឹកជញ្ជូន​ចេញ​ពី​តំបន់​សេសាន​ក្នុង​មួយ​ថ្ងៃ​ពី​ ២០០-៣០០ ​ឡាន ហើយ​ក្នុង​មួយ​ថ្ងៃ​ពួកគេ​អាច​រក​ចំណូល​តាមរយៈ​ការនាំ​ឈើ​ចេញ​នេះ​រាប់លាន​ដុល្លារ​ដែល​ធ្វើឲ្យ​បាត់បង់​ថវិកា​ជាតិ​យ៉ាង​ច្រើន​។