ទឹកធ្លាក់​ថ្មដា​តូច ហូរ​ជា​ថ្នាក់ៗ​ត្រជាក់​ស្រេង ក្បែរ​ផ្លូវ​ជាតិ​កៀក​បង្កើយ

ជាទី​កន្លែង​កម្សាន្ត​ថ្មី​សន្លាង​ជាមួយនឹង​សម្រស់​ព្រៃភ្នំ​ធម្មជាតិ​ល្អ​ប្លែក​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ជាតិ​លេខ ៥៥ ដែល​ទើប​កសាង​ថ្មី​នោះ ទឹក​ធ្លាក់ ថ្មដា​តូច ឬ​អ្នក​ខ្លះ​និយម​ហៅ​ទឹក​ធ្លាក់​ភ្នំ ១០០៥ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ព្រៃភ្នំ​នៃ​ខេត្ត​ពោធិ៍សាត់​នេះ ឆ្ពោះ​ទៅ​កាន់​ច្រក​ថ្មដា នា​ព្រំ​ប្រទល់​ជាមួយ​ខេត្ដ​ត្រាត​ប្រទេស​ថៃ។ ធ្វើដំណើរ​លើ​វិថី​ពត់ពេន តាម​ជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០ គីឡូម៉ែត្រ​ពី​ទីរួម​ស្រុក​វាល​វែង ឬ ១៥៣ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ ទឹក​ធ្លាក់​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង។ ទីនេះ មិន​ទាន់​ក្លាយ​ជាងារ​រមណីយដ្ឋាន​នៅ​ឡើយ​ទេ និង​ពុំ​មាន​ការ​លើក​ស្លាក​សញ្ញា​សម្គាល់​ជា​តម្រុយ​ផ្ដល់​ការ​ងាយ​ស្រួល​ដល់​ភ្ញៀវ​អ្វី​ឡើយ។ ភ្ញៀវ​ទេសចរ​ដែល​ប្រាថ្នា​ទៅ​លេង ចាំបាច់​ត្រូវ​ចុះ​សួរ​អ្នក​ភូមិ​តាម​ផ្លូវ។