ក្រេប​តែ​ក្រវាញ ញ៉ាំ​ម្ហូប​ខ្មែរ​រស​ជាតិ​ពី​ដើម មាន​តែ​នៅ​ហាង ក្រវាញ

ជាមួយ​ស្លាក​ឈ្មោះ​ជា​រុក្ខជាតិ​ខ្មែរ ភោជនីយដ្ឋាន ក្រវាញ ទល់​មុខ​សួន​ច្បារ​វត្ត​បទុមវត្តី មាន​បម្រើ​នូវ​ម្ហូប​ធ្វើ​ពី​បន្លែ​គ្រឿង​ផ្សំ​ធម្មជាតិ ហើយ​ប្រកាន់​ខ្ជាប់​អត្ត​សញ្ញាណ​រស​ជាតិ​ម្ហូប​ខ្មែរ​ពី​ដើម​ពិតៗ ខុស​ពី​ហាង​ម្ហូប​ខ្មែរ​ដទៃ​ទៀត។ នៅ​វិថី​សុធារស ហាង ក្រវាញ មាន​ទីតាំង​អំណោយផល​ដល់​ភ្ញៀវ​ជាតិ និង​ទេសចរ​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ងាយ​នឹង​ប្រទះ​ភ្នែក​ឃើញ​ច្បាស់។ មូលហេតុ ដែល​ភោជនីយដ្ឋាន​ប្រើ​ឈ្មោះ​ក្រវាញ​ត្រូវបាន​អ្នកគ្រប់គ្រង​ទូទៅ អ្នកស្រី ស៊ឹម ធា ប្រាប់​ឲ្យ​ដឹង​ថា៖ «ប្រទេស​កម្ពុជា​យើង​មាន​រុក្ខជាតិ​ឈ្មោះ​ក្រវាញ​គឺ​វា​ល្អ​មែន​ទែន​សម្រាប់​សុខភាព ហើយ​វា​ដុះ​តែ​នៅ​តំបន់​ខ្នង​ភ្នំ​ប៉ុណ្ណោះ អ៊ីចឹង​ខ្ញុំ​ចង់​ណែនាំ​ឲ្យ​ភ្ញៀវ​ទេសចរ និង​កូន​ខ្មែរ​យើង​ឲ្យ​គាត់​ដឹង»។