កាហ្វេ​សួនសត្វ ទីកន្លែង​រីករាយ​របស់​ភ្ញៀវ និង​សត្វ​ចិញ្ចឹម​ជា​ច្រើន​ប្រភេទ

ក្នុងចំណោម​ហាង​កាហ្វេ រីក​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ កាហ្វេ​សួន​សត្វ ដែល​ទើប​ដំណើរ​ការ ប្រមាណ ៣ ខែ មាន​អ្វី​ពិសេស​លើស ពី​ភេសជ្ជៈ ដែល​អ្នក​ធ្លាប់​ក្រេប។ មិន​ខុសពី​ឈ្មោះ​ហាង​ឡើយ «Zoo Cafe» ឬ​កាហ្វេ​សួនសត្វ​នឹងមិន​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ជាមួយ​បរិយាកាស និង​ការ​តុប​តែង បី​ដូចជា​សួន​សត្វ​ដ៏​តូច​មួយ នៅ​ចំ​កណ្ដាល​ទីក្រុង​អ៊ីចឹង។ ចាប់តាំងពី​ច្រកទ្វារ​ចូល រហូតដល់​កន្លែង​កុម្ម៉ង់​ភេសជ្ជៈ យ៉ាង​ហោច​ណាស់ អ្នក​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា សត្វ​បង្កួយ​តូច​ធំ ដែល​បង្អួត​រាង​នៅ​លើ​តុ​គឺ​ជា​សត្វ​រស់​ពិតៗ មិន​មែន​ជ័រ​នោះ​ទេ​។ ប៉ុន្តែ​ពួកវា​ស្ទើរ​តែ​មិន​កម្រើក​ខ្លួន​សោះ។ នេះ​នៅ​មិន​ទាន់​និយាយ​ដល់​ប្រភេទ​សត្វ​ប្លែកៗ​គួរ​ឲ្យ​ស្រឡាញ់​ជា​ច្រើន​ទៀត ដែល​នៅ​លើ​ជាន់​ទី ២ នៅ​ឡើយ​ទេ។