ទៅ​សៀមរាប កុំ​ភ្លេច​រំឭក​អនុស្សាវរីយ៍​ទសវត្សរ៍​ទី ៦០ នៅ​កាហ្វេ​កង់​រទេះ

កង់​រទេះគោ ដែលជា​មធ្យោបាយ​អូសទាញ​ដ៏​ពេញនិយម​កាល​ពី​សម័យ​ដើម​ប្រែ​ក្លាយ​ជា​គ្រឿង​លម្អ​យ៉ាង​ស្រស់​អែប​ស្លាក​យីហោ​ហាង​កាហ្វេ​កង់​រទេះ និង​នៅ​លើ​ជញ្ជាំង​បរិវេណ​ខាង​ក្នុង​ហាង។ នៅ​លើ​ជញ្ជាំង​ផ្ទៃ​រលោង​ក្បែរ​តុ​តាំង​ភេសជ្ជៈ គំនូរ​ទឹកខ្មៅ​រំលេច​រូបភាព​កំពូល​តារា​ចម្រៀង​សំនៀង​មាស លោក​ស៊ីន ស៊ីសាមុត អ្នកស្រី ប៉ែន រ៉ន និង​អ្នកស្រី រស់ សេរីសុទ្ធា អម​ជាមួយ​ឈ្មោះ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ និង​បារាំង។ បើទោះបីជា​រចនាប័ទ្ម​ហាង​ទាំងមូល​មិន​ឆ្លុះបញ្ចាំង​ពី​ស្ទីល​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុងសម័យ​ទសវត្សរ៍ ៦០ ឬ ៧០ យ៉ាង​ណា​ក៏ដោយ​ក៏​ភ្ញៀវ​នៅ​តែ​មាន​អារម្មណ៍​នឹក​ឃើញ​នូវ​រឿង​អតីតកាល ហើយ​អ្វី​ដែល​បាន​អន្ទង​ចិត្ដ​ខ្លាំង​បំផុត​នោះ​គឺ បទ​ចម្រៀង​របស់​កំពូល​អធិរាជ​សំឡេង​មាស​បង្ហើរ​សំនៀង​រណ្ដំ​ជាប់​នឹង​ត្រចៀក។